ខេត្តកំពង់ឆ្នាំង ៖ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺលើសត្វពាហនៈ ដែលជាកម្លាំងអូសទាញរបស់ប្រជាកសិករ កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ត្រីការិយាល័យផលិតកម្មនិងបសុជាព្យាបាល ខេត្តកំពង់ឆ្នាំង បានចុះចាក់វ៉ាក់សាំងការពារជំងឺបូសខ្យល់ ដល់សត្វគោនិងក្របី របស់ប្រជាពលរដ្ឋ ចំនួនជិត ២០០ក្បាល នៅឃុំចោងម៉ោង ស្រុកទឹកផុស។


លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺលើសត្វគោក្របី ដែលមានអត្រាងាប់ច្រើន នៅរដូវប្រាំងនេះ ពិសេសជំងឺបូស ខ្យល់ ដែលតែងកើតមានឡើងនៅខែក្តៅខ្លាំង លោកបានដឹកនាំមន្ត្រីពេទ្យសត្វ ដែលបានការចូលរួមពីលោកផូ ផល្លី អភិបាលរងស្រុកទឹកផុស ចុះចាក់វ៉ាក់សាំង លើសត្វគោ ក្របី របស់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំចោងម៉ោង។


ក្រៅពីចាក់វ៉ាក់សាំង ដល់សត្វគោ ក្របី របស់ប្រជាពលរដ្ឋ លោកហ៊ុន លី ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែរក្សាសត្វគោ ក្របី ដោយដាក់ឱ្យដេកក្នុងក្រោល បានត្រឹមត្រូវ ឱ្យចំណីនិងទឹកឱ្យបានគ្រប់គ្រាន់ ហើយបើមានការសង្ស័យថា មានជំងឺបូសខ្យល់ ឬជំងឺផ្សេងទៀត លើសត្វគោ ក្របី សូមទំនាក់ទំនងពេទ្យសត្វភូមិ ជាបន្ទាន់ ដើម្បីចុះព្យាបាលទាន់ពេលវេលា។


ជាលទ្ធផល នៅព្រឹកថ្ងៃដដែលនោះ ចាក់វ៉ាក់សាំងគោ ក្របី បានចំនួន ១៨៥ក្បាល ក្នុងនោះក្របី៧៥ក្បាល ហើយការវ៉ាក់សាំង នឹងបន្តទៅឃុំ ស្រុកផ្សេងទៀតផងដែរ៕

