Friday, February 27, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគូស្នេហ៍យួន ជួញគ្រឿងញៀន ២៤គីឡូ

គូស្នេហ៍យួន ជួញគ្រឿងញៀន ២៤គីឡូ

ខេត្តស្វាយរៀង ៖ គូស្នេហ៍ជនជាតិវៀតណាម ១គូ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀន ខេត្តស្វាយរៀង បើកប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួន ព្រមទាំងដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន សរុបប្រ មាណ២៤គីឡូក្រាម។

ប្រតិបត្តិការបង្ក្រាបករណីជួញដូររក្សាទុកគ្រឿងញៀននេះ ធ្វើឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចបន្ទប់លេខ៣៥១ សណ្ឋាគារ ណារីស្វីត ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

មុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀន ទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន  ទី១-ឈ្មោះឡេ វាំងហ៊ីវ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតស្រុកហុងងឺ ខេត្តដុងថាប់ ប្រទេសវៀតណាម (មានសារធាតុញៀន) និងទី២-ឈ្មោះឡេ វឹកវឹង ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតខេត្តតៃនិញ ប្រទេសវៀតណាម (មានសារធាតុញៀន)។

តាមប្រភពអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ដោយអនុវត្តតាមបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំពីលោកឧត្តម សេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់បាវិត ដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងខេត្ត បើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀនខុសច្បាប់ និងឈានទៅឃាត់ខ្លួនមុខ សញ្ញាសង្ស័យ ចំនួន២នាក់ (១-ឈ្មោះឡេ វាំងហ៊ីវ ២-ឈ្មោះឡេ វឹកវឹង) ព្រមទាំងដកហូតវត្ថុតាង រួមមាន ថ្នាំញៀន កញ្ចប់ចម្រុះ ចំនួន២៤ដុំ ស្មើនឹងទម្ងន់ ២៤គីឡូក្រាម។ ម្សៅក្រាមពណ៌សថ្លា សង្ស័យថ្នាំញៀន ១កញ្ចប់។ ម្សៅម៉ដ្ឋពណ៌ស សង្ស័យថ្នាំញៀន ២កញ្ចប់។ ថ្នាំញៀនកញ្ចប់ពណ៌ខៀវ ១កញ្ចប់។ ថ្នាំញៀនកញ្ចប់ពណ៌មាស (រូបប៉ាវ៉ាន់ណូ) ចំនួន៦២កញ្ចប់។ ទូរស័ព្ទដៃ ៣គ្រឿង និងម៉ូតូ ៤គ្រឿង។

ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅ កាន់សាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ និងត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារខេត្ត៕

RELATED ARTICLES