ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នឹងមានភ្លៀងកក់ខែ លាយជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹកនិងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណ ជនឱ្យបានជ្រាបថា ខណៈនេះសម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។
ដោយស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅតំបន់វាលទំនាប ដែលមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងរាជធានីភ្នំពេញ អាចមានភ្លៀងកក់ខែ ធ្លាក់លាយឡំជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៣០ភាគរយ។
ចំពោះតំបន់ខ្ពង់រាប មានដូចជា ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងកក់ខែធ្លាក់លាយជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៤០ភាគរយ។
សម្រាប់តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងកក់ខែធ្លាក់ លាយជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៤០ភាគរយ។ រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,២៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ។
យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាស ភ្លៀងកក់ខែនេះ ដែលអាចធ្វើឱ្យមានការប៉ះពាល់ដល់ផលដំណាំ និងចៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕