ខេត្តសៀមរាប ៖ ប្តីប្រពន្ធ ១គូ តែងប្រើប្រាស់គ្រឿងញៀនជាប្រចាំ លុះក្រោយមកបានខ្ចីម៉ូតូ ១គ្រឿង ពីអ្នក ស្គាល់គ្នា ថាជិះទៅយកប្រពន្ធ មួយភ្លែត រួចជិះគេចខ្លួនបាត់ មិនឃើញយកមកវិញ ទើបម្ចាស់ម៉ូតូសម្រេចប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ នាំយកមកចាត់ការតាមច្បាប់។

ករណីខ្ចីម៉ូតូជិះ ស៊ីដាច់នេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង។ រហូតមកដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ទើបកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង២នាក់ប្តីប្រពន្ធបាន។
ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បុរសជាប្តី មានឈ្មោះចាន់ ភារិន អាយុ៤៦ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតនៅភូមិអូរបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ស្នាក់នៅភូមិក្រាំង ឃុំសុកចិត្ត ស្រុកសណ្តាន់ ខេត្តកំពង់ធំ (មានសារធាតុញៀន)។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះឃុត សុភ័គ្គ អាយុ៣១ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិក្រាំង ឃុំសុកចិត្ត ស្រុកសណ្តាន់ ខេត្តកំពង់ធំ (មានសារធាតុញៀន)។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិគោក ធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជនសង្ស័យ ឈ្មោះចាន់ ភារិន បានខ្ចីម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KR-7189 ជារបស់ជនរងគ្រោះឈ្មោះ ភា សុខភាព ភេទស្រី អាយុ១៩ឆ្នាំ ដោយខ្ចីពីម្តាយឈ្មោះសាយ សាលឿត អាយុ៤២ឆ្នាំ ដោយប្រាប់ថា “ខ្ចីម៉ូតូទៅយកប្រពន្ធ មួយភ្លែត” លុះពេលខ្ចីម៉ូតូបានហើយ ជនសង្ស័យខាងលើ បានទៅយកប្រពន្ធឈ្មោះឃុត សុភ័គ្គ នៅផ្ទះឈ្មោះថា ភេទ ស្រី រស់នៅភូមិកើតហេតុខាងលើ ក្រោយមក ជនសង្ស័យ និងប្រពន្ធ បានបើកម៉ូតូដឹកគ្នា គេចខ្លួនបាត់តែម្តង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ និងអនុវត្តតាមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប កម្លាំងនគរបាលស្រុកប្រាសាទបាគង សហការជាមួយនគរបាលផែន ការងារព្រហ្មទណ្ឌខេត្តសៀមរាប បានបើកការស្រាវជ្រាវ និងសហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ខេត្តកំពង់ចាម បានឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ មកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា បន្ទាប់ពីខ្ចីម៉ូតូរបស់ជនរងគ្រោះបានហើយ ខ្លួនបានជិះម៉ូតូ ទៅដឹកប្រពន្ធ នាំគ្នាជិះឆ្ពោះទៅទិសខាងកើត ដើម្បីយកម៉ូតូទៅរកកន្លែងលក់។ ពេលជិះទៅដល់ផ្សារកំពង់ក្តី ស្រុកជីក្រែង ពួកខ្លួនទាំងពីរនាក់ប្តីប្រពន្ធ បានកាក់ រថយន្តក្រុង ដាក់ម៉ូតូ និងជិះរថយន្តទៅភ្នំពេញ ។ ពេលទៅដល់ភ្នំពេញ ខ្លួននិងប្រពន្ធ បានជួលផ្ទះសំណាក់ដេក ក្រោយមកធ្វើដំណើរត្រឡប់មកខេត្តកំពង់ចាម ដល់ចំណុច (ព្រៃទទឹង) ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក៏ជិះចូលផ្ទះរបស់ឈ្មោះដំ ភេទប្រុស ដែលត្រូវជាមិត្តភក្តិ ដើម្បីដោះផ្លាកលេខម៉ូតូ បន្ទាប់មកក៏បន្តដំណើរបានប្រហែល ៤គីឡូម៉ែត្រ ហួសសាលាស្រុកព្រៃឈរ ក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាង ម៉ូតូ ចំនួន១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KR-7189 (ប្រគល់ជូនជនរងគ្រោះវិញ)។
ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕