ខេត្តបាត់ដំបង ៖ រោងសិប្បកម្មកែច្នៃឈើ និងផលិតធ្យូងអនាម័យ ចំនួន០២ ដែលសាងសង់ក្បែរគ្នា ត្រូវបានភ្លើងឆេះ មិនទាន់ដឹងមូលហេតុ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតក្នុងភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់។

សមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា ម្ចាស់ទីតាំងរងគ្រោះ មានឈ្មោះ ទី គឹមអៀង ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិកើតហេតុ និងលក់គ្រឿងសង្ហារិម នៅម្តុំផ្សារទូលតាឯក ក្រុងបាត់ដំបង។ យ៉ាងណា សមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុដែលនាំឱ្យមានអគ្គិភ័យនេះកើតឡើងនៅឡើយ ព្រោះកំពុងសាកសួរ ម្ចាស់ទីតាំង។

លោកស៊ីម ពិទូ នាយប៉ុស្តិ៍រដ្ឋបាលឃុំឈើទាល បានបញ្ជាក់ប្រាប់ថា អគ្គិភ័យនេះ បានកើតឡើង ស្របពេលម្ចាស់ មិនបានស្នាក់នៅ។ តាមការពិនិត្យជាក់ស្តែង រោងសិប្បកម្ម ចំនួន២ ឈើ ឬគ្រឿងសង្ហារិម និងសម្ភារៈ ឬឧបករណ៍ផលិតធ្យូង ដែលមាននៅក្នុងទីតាំង ត្រូវបានភ្លើងឆេះទាំងអស់។

យោងតាមរបាយការណ៍មន្ត្រីពន្លត់អគ្គិភ័យ បានឱ្យដឹងថា កម្លាំងពន្លត់អគ្គិភ័យ បានបញ្ចេញរថយន្តពន្លត់អគ្គិ ភ័យ ចំនួន៧គ្រឿង ដែលមកពីតាមបណ្តាស្រុកនានាផង ជួយអន្តរាគមន៍ ប៉ុន្តែបានត្រឹមជួយបាញ់ទប់ស្កាត់មិនឱ្យរាលដាលប៉ុណ្ណោះ ព្រោះអគ្គិភ័យឆេះខ្លាំងនិងលឿនបំផុត៕




