Monday, February 23, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជាងភ្លើងរោងចក្រ ខ្សែភ្លើងឆក់ស្លាប់

ជាងភ្លើងរោងចក្រ ខ្សែភ្លើងឆក់ស្លាប់

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ជាជាងភ្លើង ប្រចាំរោងចក្រ កំពុងបំពេញការងារសុខៗ ស្រាប់តែត្រូវចរន្តអគ្គិសនីឆក់ ទម្រាំមានអ្នកប្រទះឃើញ ហួសពេលទៅហើយ។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២និង០៥នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចកន្លែងបន្ទប់ដាក់ទូចែកចាយអគ្គិសនី នៅក្នុងរោងចក្រ ហ្គ្រីន ហៅវែរ អ៊ិនដាសស្ទ្រី ខេមបូឌា ឯ.ក ស្ថិតនៅក្នុងភូមិវល្លិស ឃុំវល្លិស ស្រុកសំរោងទង។

ជនរងគ្រោះ មានឈ្មោះ សៀង វិចិត្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងភ្លើង ក្នុងរោងចក្រ រស់នៅក្នុងភូមិផ្តៅពេន ឃុំតាំងក្រូច ស្រុកសំរោងទង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១២និង០៥នាទី ថ្ងៃត្រង់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឈ្មោះសឿង អ៊ីម ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិអណ្តូងប្រេង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរជាងជួសជុលម៉ាស៊ីន នៅក្នុងរោងចក្រ ហ្គ្រីន ហៅវែរ អ៊ិនដាសស្ទ្រី ខេមបូឌា ឯ.ក មានទីតាំងស្ថិតនៅភូមិវល្លិស ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រទះឃើញជនរងគ្រោះឈ្មោះសៀង វិចិត្រ ជាជាងភ្លើងក្នុងរោងចក្រ បានឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ នៅក្នុងបន្ទប់ដាក់ទូចែកចាយអគ្គិសនី នៅក្នុងរោងចក្រ។

ប្រភពដដែល បន្តថា បើតាមឈ្មោះសឿង អ៊ីម ជាងជួសជុលម៉ាស៊ីន បានបំភ្លឺថា ជនរងគ្រោះខាងលើ បានបំពេញការងារ ដើរពិនិត្យនិងកាច់កុងតាក់បើកភ្លើង រួចត្រូវចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗតែម្តង ហើយក្រោយប្រទះឃើញសពជនរងគ្រោះ ខ្លួនបានរាយការណ៍ជូនរដ្ឋបាល និង សមត្ថកិច្ចជំនាញចុះពិនិត្យតែម្តង។

ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញស្រុកសំរោងទង សហការជាមួយកម្លាំងការិយាល័យវិទ្យាសាស្ត្របច្ចេកទេសនិងកោសល្យវិច័យខេត្តកំពង់ស្ពឺ មេឃុំ មេប៉ុស្តិ៍ មេភូមិ រួមជាមួយក្រុមគ្រួសារសព បានពិនិត្យលើរាងកាយសព មានស្នាមឆក់ត្រង់ចំណុចគល់ចិញ្ចើម។

ក្រោយពិនិត្យធ្វើកោសល្យវិច័យរួចរាល់ សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES