Wednesday, February 11, 2026
Homeតារាខ្មែរអ៊ីណូ ពោធិ៍សាត់ ចោរលួចឡានបាត់ ឡានចាស់ពេក ចោរប្លុងចោល

អ៊ីណូ ពោធិ៍សាត់ ចោរលួចឡានបាត់ ឡានចាស់ពេក ចោរប្លុងចោល

ភ្នំពេញ ៖ រថយន្ត ១គ្រឿង របស់លោកអ៊ីណូ ពោធិ៍សាត់ ហៅអ៊ីលិ ដែលជាសមាជិកទី៥ នៃក្រុមចម្រៀង ENO BOY BAND ត្រូវបានជនសង្ស័យលួចយកទៅបាត់ កាលរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លុះក្រោយមក ដោយឃើញរថយន្តមានសភាពចាស់ពេក ណាមួយទំនងជាមានទឹកចិត្តអាណិតលោកអ៊ីណូ ពោធិ៍សាត់ ជាម្ចាស់ឡាន ទើបជនសង្ស័យបានបើករថយន្តខាងលើ យកទៅប្លុងចោលនៅក្បែរផ្លូវរថភ្លើង ទុកឲ្យអ៊ីណូ ពោធិ៍សាត់ វិញ។

ករណីលួចរថយន្តនេះ បានកើតឡើង កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចក្បែរផ្សារទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ លុះមកដល់ព្រឹកថ្ងៃដដែល ជន សង្ស័យបានបើករថយន្តខាងលើ យកទៅប្លុងចោលនៅក្បែរផ្លូវរថភ្លើង កែងឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

រថយន្តដែលត្រូវជនសង្ស័យលួចយកទៅ ម៉ាកតូយ៉ូតា កូរ៉ូលឡា ស៊េរីឆ្នាំ១៩៩៤ ពណ៌ក្រហម ពាក់ស្លាកលេខ 2C-4090 មានលេខម៉ាស៊ីន 7AF620303 និងលេខតួ 1NXAE09B5RZ193936 ជាកម្មសិទ្ធិរបស់លោកអ៊ីណូ ពោធិ៍សាត់ ហៅអ៊ីលិ ដែលជាសមាជិក ENO BOY BAND។

យោងតាមប្រភពគណនីបណ្តាញសង្គម របស់តារាចម្រៀង អ៊ីណូ បានបង្ហោះឱ្យដឹងកាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ថា “ចោរអើយចោរ! គ្នាមានតែឡានចាស់មួយហ្នឹងសោះ អ៊ីណូ ពោធិ៍សាត់ ហៅអ៊ីលិ ជាមាជិកជិក ENO BOY BAND ត្រូវចោរលួចឡានបាត់ហើយ បងប្អូន កាលពីយប់ម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។ រថយន្តដែលត្រូវជនសង្ស័យលួចយកទៅ ម៉ាកតូយ៉ូតា កូរ៉ូលឡា ស៊េរីឆ្នាំ១៩៩៤ ពណ៌ក្រ ហម ពាក់ស្លាកលេខ 2C-4090 ដែរមានលេខម៉ាស៊ីន 7AF620303 និងលេខតួ 1NXAE09B5RZ193936 សូមបងប្អូន និងហ្វេនហ្វេន ជួយស៊ែរដោយការអនុគ្រោះផង…”។

លោកអ៊ីលិ ហៅអ៊ីណូ ពោធិ៍សាត់ ជាម្ចាស់រថយន្ត បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបានចតរថយន្តរបស់ខ្លួន ម៉ាកកូរ៉ូលឡា ស៊េរីឆ្នាំ១៩៩៤ ពណ៌ក្រហម ពាក់ស្លាកលេខ 2C-4090 នៅខាងក្រោម ដូចរាល់ដង រួចក៏ឡើងទៅ សម្រាកនៅបន្ទប់ជួល ជាន់ទី៣។ ស្រាប់តែមកដល់វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបានឮសូរសំឡេងក្តុងក្តាំង ទើបនឹកឆ្ងល់ ចេញមកអើតមើល ស្រាប់តែប្រទះឃើញរថយន្តរបស់លោក ត្រូវបានចោរលួចបើកចេញបាត់ទៅហើយ ធ្វើឱ្យមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចផង និងសុំអន្តរាគមន៍ពីអ្នកសារព័ត៌មាន ឱ្យជួយផ្សព្វផ្សាយព័ត៌មានតាមស្វែងរករថយន្តរបស់លោក។

លោកអ៊ីលិ បានបន្តថា រហូតមកដល់ព្រឹកថ្ងៃដដែល ក៏មានប្រជាពលរដ្ឋបានផ្តល់ដំណឹងមកថា បានប្រទះ ឃើញរថយន្តកូរ៉ូលឡា ពណ៌ក្រហម មានភិនភាគដូចរថយន្តរបស់លោក ត្រូវបានគេប្លុងចោល នៅក្បែងផ្លូវរថភ្លើង ម្តុំឈូកវ៉ា៣ ទើបលោកប្រញាប់ទៅពិនិត្យមើល ក៏ឃើញថា ពិតជារថយន្តរបស់លោកមែន ដោយជនសង្ស័យ បានបើកយកមកប្លុងចោល។

លោកអ៊ីលិ បានបញ្ជាក់ថា យ៉ាងណា រថយន្តរបស់លោក បានខូចខាតផ្នែកខាងមុខយ៉ាងដំណំ ដោយមិនដឹងថា ចោរបើកទៅបុកប៉ះនឹងអ្វីខ្លះនោះទេ ចំណែកខាងក្នុងរថយន្ត គឺលោកចោរ បានរើកកាយអស់ ក្នុងនោះជន សង្ស័យ បានរើកកាយកាបូបដាក់ខោអាវរបស់លោក ដាក់នៅឃ្លុបខាងក្រោយ ត្រៀមសម្រាប់កម្មវិធីខនសឺត នៅថ្ងៃ១០កុម្ភៈ) ដោយយកអស់សម្លៀកបំពាក់មួយចំនួន ពិសេស iPad ១គ្រឿង ដែលនៅក្នុងកាបូប ក៏ត្រូវបានលោកចោរ លួចយកទៅបាត់ដែរ។

 លោកអ៊ីលិ ហៅអ៊ីណូ ពោធិ៍សាត់ បានរំលឹកថា រថយន្ត ១គ្រឿងនេះ មានប្រវត្តិជូរចត់ជាមួយលោកខ្លាំងណាស់ ដោយលោកទម្រាំសន្សំលុយទិញវាបាន គឺត្រូវប្រើរយៈពេលដល់ទៅ ៥ឆ្នាំ ឯណោះ ដោយលោកតែងសន្សំប្រាក់ ពីការច្រៀង ដោយដកសន្សំទុក ម្តង២០ដុល្លារ ម្តង៣០ដុល្លារ ជួន៤-៥ម៉ឺន សន្សំអស់៥ឆ្នាំ ទើបមានលទ្ធ ភាពទិញរថយន្ត ១គ្រឿងនេះ បានគ្រាន់ជាមធ្យោបាយធ្វើដំណើរទៅច្រៀង តាមទីជិតឆ្ងាយ កន្លងមកនេះ លុះត្រូវចោរលួចបាត់កាលពីយប់មិញ លោកមានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំង តែសំណាងល្អ ត្រូវលោកចោរឃើញឡានរបស់លោកកញ្ចាស់ពេក ណាមួយទំនងជាបានមើលតាមការឡាយ របស់អ្នកសារព័ត៌មាន ទើបមានចិត្តអាណិត បើកឡានយកមកប្លុងចោលឱ្យលោកវិញ៕ ដារិទ្ធ

RELATED ARTICLES